ល្បិចស៊ីពីលើរបស់អ្នកគួកជេ

អ្នកគួកជេ គឺជាអ្នកមានណែនាំអ្នកទិញ អោយអ្នកលក់ដីធ្លី/ផ្ទះ ហើយជួយសម្របសម្រួលដើម្បីកុម្មិសស្យុង៣% នេះជារឿងរ៉ាវធម្មតាដែលយើងទាំងអស់គ្នាបានដឹង ហើយទទួលយកបាន។

តែក្រៅពីប្រាក់៣%នេះ ក៏មានអ្នកគួកជេច្រើនអ្នកផងដែរដែលធ្វើល្បិចលក់ពីលើតម្លៃលក់តែម្តង។

ប្រភេទនៃការលក់ពីលើតម្លៃដើម៖

១. ដោយការព្រមព្រៀងអោយលក់ពីលើ

វាអាស្រ័យលើអ្នកលក់បានព្រមព្រៀងលក់ក្នុងតម្លៃមួយជាមួយអ្នកគួកជេ ហើយគួកជេទទួលការអនុញ្ញាតលក់បន្ត បើលក់បានលើសតម្លៃព្រមព្រៀងជាមួយម្ចាស់ដីប៉ុណ្ណា គឺស៊ីប៉ុណ្ណឹង បានន័យថាអ្នកគួកជេអាចយកប្រាក់ចំណេញនោះបាន។ អ្នកលក់ខ្លះអាចនឹងព្រម ដោយសារតែចង់បានលុយប្រញ៉ាប់ ហើយគិតថាដី ឬផ្ទះនោះពិបាកលក់ដោយខ្លួនឯងផ្ទាល់ ឬមិនសូវមានគេចាប់អារម្មណ៍ ធ្វើម៉េចអោយតែលក់បានឆាប់ ហើយគិតថាចំណេញល្មមទទួលយកបាន។ ឧទាហរណ៍៖ យាយសុខប្រញ៉ាប់លុយបានព្រមលក់ដីក្នុងតម្លៃ30000ដុល្លារ តែរកអ្នកទិញមិនបានក៏ទាក់ទងអ្នកគួកជេ ហើយអ្នកគួកជេ និងយាយសុខបានព្រមព្រៀងគ្នាថា បើលក់បានលើស30000ដុល្លារ ប្រាក់ដែលលើសនឹងបានទៅគួកជេ។ អិញ្ចឹងបើលក់បាន35000ដុល្លារ នោះ5000ដុល្លារនឹងបានទៅគួកជេ ទាំងខ្លួនមិនបានចេញដើមទិញដីនោះផង។ ហើយតែមិនស្រួល អ្នកគួកជេ ទារ៣%បន្ថែមពីយាយសុខទៀត អានឹងវាអាស្រ័យលើការព្រមព្រៀងភាគីទាំងពីរ។ តែយើងជាអ្នកលក់ ក៏ជួនកាល ព្រមធ្វើល្ងង់ក៏ល្ងង់ទៅ អោយតែបានលុយឆាប់។

ប្រសិនបើក្នុងករណីនេះ អ្នកលក់ប្រហែលជាមិនសូវក្តៅក្រហាយនោះទេ។ ហើយក្នុងករណីនេះ ខ្ញុំគិតថាអ្នកលក់មិនត្រូវផ្តល់ប្រាក់៣%នោះទេ ដោយហេតុថាគួកជេលក់ពីលើចំណេញកប់បាត់ទៅហើយ។

២. លក់ពីលើដោយបោកប្រាស់តែម្តង

តែវានៅមានករណីមួយទៀត ដែលក្នុងករណីអ្នកគួកជេមិនប្រាប់យើងថាខ្លួនលក់ពីលើតម្លៃលក់ គឺបន្លំលក់ពីលើម្ចាស់ដីតែម្តង ដោយយកលេសថានឹងអោយជួបអ្នកទិញ និយាយតទល់គ្នា ដល់ពេលទៅដល់ ថាអ្នកទិញគេរវល់ ចាំយូរពេក ឬអ្នកគួកជេបានទទួលលុយកក់ជំនួសហើយ (ទាំងខ្លួនមិនមែនជាម្ចាស់ដី ខុសច្បាប់ទាំងស្រុង) ឬហៅអ្នកទិញផ្តិតមេដៃមកផ្ទេរសិនមក ទទួលលុយកក់សិនទៅ ចាំគួកជេអោយអ្នកទិញផ្តិតមេដៃតាមក្រោយ។ ធ្វើបែបនេះ អ្នកគួកជេអាចទទួលបានប្រាក់៣%ផង និងលក់ពីលើផង បានន័យថាពួកនេះជាជនបោកប្រាស់លើគោកតែម្តង។

ហើយក៏មានករណីបោកមួយទៀត គឺនាំទៅមើលដី ហើយអោយអ្នកទិញនិយាយទូរស័ព្ទជាមួយម្ចាស់ដី (តាមពិតមិនមែនម្ចាស់ដីទេ គឺអ្នកគួកជេគ្នាវា) បោកបញ្ឆោតអ្នកទិញ ថាព្រមក្នុងតម្លៃណាមួយ។ តែតាមពិតគ្រាន់តែល្បិចលក់ពីលើតែប៉ុណ្ណោះ។ គ្មានថ្ងៃ អ្នកលក់ អ្នកទិញបានជួបគ្នានោះទេ។ អ្វីៗគឺឆ្លងកាត់អ្នកគួកជេ ដោយយើងមិនដឹងប្រភពដីច្បាស់លាស់នោះទេ។

តែសួរថាប្រសិនបើអ្នកលក់ដឹងហើយ លឺហើយ នឹងធ្វើល្ងង់បន្ត ឬបញ្ឈប់លក់? 

ចម្លើយអាស្រ័យលើថាអ្នកលក់ ប្រញ៉ាប់លក់ឬអត់។ ម្យ៉ាងទៀត ការដែលមិនបានជួបអ្នកទិញបែបនេះ គឺយើងអាចមានហានិភ័យ ដោយមិនដឹងថាទៅរករឿងអ្នកណា ប្រសិនបើមានបញ្ហាកើតឡើង។ ហេតុដូច្នេះ ខ្ញុំគិតថា ប្រសិនបើគួកជេមិនព្រមអោយយើងជួបអ្នកទិញ (ដោយគ្រាន់តែនិយាយទូរស័ព្ទ) ហើយយើងនៅតែព្រមលក់ក្នុងតម្លៃនោះ ទោះដឹងគេលក់ពីលើក៏ដោយ យើងត្រូវដាក់ឈ្មោះអ្នកគួកជេជាអ្នកទិញ នៅក្នុងកិច្ចសន្យាកក់ប្រាក់ ហើយត្រូវអោយអ្នកគួកជាមានទំនួលខុសត្រូវ ប្រសិនបើមានបញ្ហាកើតឡើង។

ពេលឯកសាររួចរាល់

អ្នកនៅតែមិនបានជួបអ្នកទិញ គឺអ្នកនឹងទទួលលុយពីគួកជេផ្ទាល់ ហើយឯកសារអ្នកគួកជេអាចថា ប្រគល់អោយអ្នកទិញបាត់ហើយ ហើយអ្នកធ្វើឯកសារទទួលលុយពីអ្នកគួកជេ។

តើបងប្អូនមានបទពិសោធន៍ល្អ និងជូរចត់រឿងទិញលក់ដី ចង់ចែករំលែកដែរទេ?

Leave a Comment