ខ្ញុំដកខ្លួនពីការបញ្ចេញមតិក្នុងបណ្តាញសង្គមហើយ បើឃើញនៅតែនិយាយនៅទីនោះ ជួយរំលឹកផង ហេហេ នឹកថាចង់និយាយតែម្នាក់ឯងនៅទីនេះវិញ ស្រណុកជាង មានអារម្មណ៍ស្រស់ថ្លាជាង។ ថ្ងៃនេះជាការចាប់ផ្តើមនៃការនិយាយតែម្នាក់ឯងរបៀបនេះ។ តោះយើង …
ជាទូទៅ គំនិតមនុស្សគ្រប់គ្នាខុសៗគ្នា ព្រោះមនុស្សមានជំនឿខុសគ្នា មនុស្សមានយោបល់ខុសគ្ កម្រិតវប្បធម៌ខុសគ្នា ជាពិសេសបទពិសោធន៍ជីវិតខុសគ្នា។ តែទោះយ៉ាងណា យើងនៅរក្សាភាពថ្លៃថ្នូរក្នុងការពិភាក្សាដដែល ពីព្រោះពិភពលោកនេះ គេមិនបែងចែកសនិងខ្មៅ ដាច់ស្រលះពីគ្នាភឹងៗនោះទេ ត្រូវក៏មានខុសក្នុងនោះខ្លះដែរ។
ថ្ងៃនេះ ខ្ញុំឃើំញមានបងប្អូនយើងរិះគន់រឿងចែកមឈូសអោយចាស់ៗនៅឯស្រែ។ ភាគច្រើនគេរិះគន់ ព្រោះគេមានជំនឿថាចែកមឈូសអិញ្ចឹង ដូចចង់អោយពួកគាត់ឆាប់ស្លាប់ វាជាប្រថ្នូលមិនល្អ។ ព្រោះមឈូសគេទិញទុកដាក់មនុស្សពេលស្លាប់។ តាមពិត ពួកគាត់និយាយត្រូវដែរ ព្រោះអីបើទិញអីផ្សេងអោយយាយៗតាៗ គាត់នឹងបានប្រើប្រាស់ ទាន់ពេលពួកគាត់នៅរស់។ ជួយជាលុយក៏បាន ឬទិញជារបស់ប្រើប្រាស់ក៏បាន។
ការគិតបែបនេះគឺត្រឹមត្រូវ១០០%។ ខ្ញុំមិនជំទាស់នឹងយោបល់របស់បងប្អូននោះទេ ដែលគិតបែបនោះ គឺត្រឹមត្រូវហើយ។
តែគំនិតមួយជ្រុងទៀតគឺថា គាត់ពិតជាមិនអាចគេចវេសពីការស្លាប់បានមែន ៥ឆ្នាំទៀតក៏ដោយ ១០ឆ្នាំទៀតក៏ដោយ ឬយូរជាងនេះទៀតក៏ដោយ ក៏នៅតែមិនអាចគេចវេសបាន។ យើងត្រូវទទួលស្គាល់ការពិតមួយនេះ។ ហើយក្នុងករណីដែលទាន់គាត់នៅរស់ គាត់មានមឈូសមួយ ក៏ដូចជាមានផ្ទះមួយអិញ្ចឹងសម្រាប់ពេលគាត់លាចាកលោកទៅ បងសាកគិតមើលៗថា គាត់អាចអោយស្រណុកចិត្តជាងមែនទេ? គាត់ដឹងថា គាត់នឹងមិនក្លាយជាខ្មោចតៃហោង គ្នានដីកប់នោះទេ? ហើយបងប្អូនក៏អាចសួរចិត្តចាស់ៗបាន ថាគាត់ពេញចិត្តនឹងអំណោយជាមឈូសបែបនេះទេ? ខ្ញុំគិតថា គាត់ប្រហែលជាពេញចិត្ត ហើយក៏មិនយល់ពីការរិះគន់របស់បងៗដែរ។ ព្រោះគាត់ពិតជាត្រូវការវាមែន។
ខ្ញុំក៏គិតខ្លួនខ្ញុំផ្ទាល់ផងដែរថា នៅពេលដែលខ្ញុំចាស់ទៅ ប្រសិនបើអាយុត្រឹម70អី ហើយប្រសិនបើខ្ញុំបានរៀបចំទីតាំងចេតីយដោយខ្លួនឯង ខ្ញុំមិនដឹងជាសប្បាយចិត្តយ៉ាងណាទេ។ យ៉ាងហោចណាស់ ក៏ខ្ញុំដឹងថា ខ្ញុំមានកន្លែងត្រឹមត្រូវ កូនចៅអាចមករកខ្ញុំបាននៅទីនោះ។ កូនចៅក៏មិនបាច់ចំណាយពេលគិតរឿងខ្ញុំ មិនបាច់ចំណាយប្រាក់គិតរឿងខ្ញុំ ខ្ញុំមានកន្លែងផ្ទាល់ខ្លួនហើយ។
តើបងប្អូនដែលឃើញ ចាស់ៗខំធ្វើបុណ្យនៅវត្តយូរៗទៅ ក៏អាចសុំដីលោកធ្វើចេតីយបានទេ? មិនមែនចេះតែសុំបានទេបាទ។ ពេលខ្លះគឺមានខ្សែ។ មិនមែនស្លាប់ហើយ បានទៅសុំលោកនោះទេ គឺសុំតាំងពីយូរហើយ។បើស្តាប់ទៅ គឺដូច កក់លុយទិញខន់ដូកំពង់សាងសង់អិញ្ចឹង។
បើចិនៗវិញ គេរកតែផ្នូរនៅសមាគមន៍ចិនៗគ្នាគេទេ តម្លៃវិញមិនបាច់និយាយ មាន៤០០០ដុល្លារអី មិនដឹងថាបងបានផ្នូរតូចប៉ុណ្ណាទេ។ អិញ្ចឹងតែគេចែកមឈូសប៉ុន្នេះក៏មួយៗអស់មិនតិចដែរ។
ជាចុងក្រោយ ខ្ញុំគ្រាន់តែសូមត្រឹមថា បើបងចង់ចែកអង្ករក៏ចែកចុះ បងបានចូលរួមធ្វើអំពើរល្អមួយហើយ ហើយបើមានអ្នកផ្សេងចង់ចែកមឈូសក៏អោយគេចែកចុះ គេមិនបានទៅសំលាប់យាយៗដើម្បីនឹងឆាប់មកដេកមឈូសដែលគេចែកនោះទេ។ សូមកុំយកអបីយជំនឿផ្ទាល់ខ្លួន ថាជាប្រថ្នូលអាក្រក់ យើងចូលរួមធ្វើអំពើល្អទាំងអស់គ្នា។
តិចគិតថាខ្ញុំនឹងចែកមឈូសចុះពេលខ្ញុំមានលុយ? ខ្ញុំសរសេរទាំងអស់នេះមិនមែនការពារខ្លួនខ្ញុំផ្ទាល់ទេ ខ្ញុំមិនមានបទពិសោធន៍ចែកមឈូសនោះទេ។ បើថ្ងៃមុខ ប្រសិនបើអាច ខ្ញុំចង់ជួយក្មេងៗ សង់សាលា ឬចេញលុយថ្លៃសិក្សាអោយក្មេងរៀនច្រើនជាង។